ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​

ព្រះសីហនុៈ​កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាល ក្រុងព្រះសីហនុ បាន​បន្ត​បើក​យុទ្ធនាការ​ក្តៅ ចុះ​រៀបចំ​សណ្តាប់ តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ផ្សារ​ឃ្លាំង​លើ ដល់​មុខ​រោងចក្រ ញូ​ស្តា ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​មិនឱ្យ​មានការ​លក់ដូរ​និង​សំណង់​អនាធិបតេយ្យ​លើ​ដងផ្លូវ​នេះ​ទៀត​។​

​មន្ត្រី​ក្រុងព្រះសីហនុ បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ក្នុង​ហេតុផល ដើម្បី​រក្សា​ចំណីផ្លូវ​តាម​ប្លង់គោល មិនឱ្យ​មានការ​សាងសង់ ឬ​លក់ដូរ​លើដី​ចំណីផ្លូវ ដែល​តាម​មន្ត្រី​អះអាងថា ទំហំ​ទទឹងផ្លូវ​នេះ ទាំង​តួ​ផ្លូវ និង​ចិញ្ចើមផ្លូវ មាន​ប្រវែង​រហូតដល់ ៦០ ម៉ែត្រ​។​

ជាការ​កត់សម្គាល់​ពេល​សមត្ថកិច្ច ចុះ​អនុវត្តន៍​វិធានការ​ក្តៅ​នេះ មាន​បញ្ហា​ជជែក​គ្នា​ខ្លះៗ​ដែរ រវាង​មន្ត្រី និង​ពលរដ្ឋ ពាក់ព័ន្ធ ។​ដូចជា​ពលរដ្ឋ​ខ្លះ សុំ​ការយោគយល់ ពី​អាជ្ញាធរ​ក្រោម​ហេតុផល​ថា គ្មាន​កន្លែង​លក់ដូរ និង​មាន​ពលរដ្ឋ​ខ្លះ បាន​ជំទាស់​មិនឱ្យ​រុះរើ ផងដែរ​។​

​លោក គង់ សោភា អភិបាលរង ក្រុងព្រះសីហនុ បាន​ពន្យល់ថាៈ មិនអាច​បន្ធូរបន្ថយ​បានទេ ដោយសារតែ​នេះ ជា​យុទ្ធនាការ​ពិសេស បិទ​បញ្ចប់​លែងឱ្យ​មានការ​លក់ដូរ​ប៉ះពាល់​ចិញ្ចើមផ្លូវ​ទៀតហើយ​។​ស្រប​ពេលដែល ការស្ថាបនា​ផ្លូវ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំណុច​នោះ​កំពុង​ធ្វើ​ដែរ​។

​លោក អភិបាលរងក្រុង​បាន​បន្តថាៈ យុទ្ធនាការ​ក្តៅ​នេះ ធ្វើឡើង​ក្រោយពី​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ដឹកនាំ​កម្លាំង​ចុះ ផ្សព្វផ្សាយ​ពលរដ្ឋ ពាក់ព័ន្ធ​ឱ្យ​រុះរើ​សំណង់ និង​បញ្ឈប់​ការលក់ដូរ ត្រឹម​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​កន្លងទៅ ។

​ជាមួយ​ការបញ្ជា​ក់ថាៈ ការលក់ដូរ តាម​ចិញ្ចើមផ្លូវ នៅ​ឃ្លាំង​លើ និង​មុខ​រោងចក្រ ញូ​ស្តា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នឹង​លែងមានទៀតហើយ ចាប់ពី​ថ្ងៃទី​៨​ខែតុលា ឆ្នាំ​២០២០​នេះ​តទៅ ៕​

Leave a Reply

Your email address will not be published. Required fields are marked *