ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាជំរុញ និងលើកទឹកចិត្តឱ្យពល​រដ្ឋធ្វើ ជាសកម្មជ​នប្រឆាំងព័ត៌មា​នមិនពិត

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋម្នាក់ៗធ្វើជាសកម្មជនប្រឆាំងព័ត៌មានមិនពិត។សម្តេចហ៊ុនសែនក្នុងពិធីប្រគល់សញ្ញាបត្រជាន់ខ្ពស់ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ មានប្រសាសន៍ថា យើងម្នាក់ៗត្រូវយកគោលដៅនៃការជំនះព័ត៌មានក្លែងក្លាយ បើទុកឱ្យតែក្រសួងសុខាភិបាល អ្នកនាំពាក្យរាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីនិយាយ គឺវាមិនគ្រប់គ្រាន់ទេ ដូច្នេះប្រជាពលរដ្ឋម្នាក់ៗ ត្រូវធ្វើជាសកម្មជនប្រឆាំងទាក់ទិននឹងព័ត៌មានក្លែងក្លាយ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការបំផុសព័ត៌មានមិនពិតដោយសារការផ្សព្វផ្សាយនៅតាមបណ្តាញហ្វេសប៊ុកនាពេលប៉ុន្មានថ្ងៃនេះ ពាក់ព័ន្ធនឹងការស្លាប់របស់ ប្រជាជនខ្មែរដោយសារជំងឺកូរ៉ូណានោះ គឺជាអំពើបំពុលព័ត៌មានរបស់ក្រុមទុច្ចរិតតែប៉ុណ្ណោះ។ ការបំភ្លៃព័ត៌មាន គឺក្រុមទុច្ចរិតមានបំណងបំភិតបំភ័យប្រជាពលរដ្ឋទូទៅផង និងបំភិតបំភ័យក្រុមគ្រួសាររបស់ខ្លួនផងតែប៉ុណ្ណោះ។ព្រោះការពិតនៅកម្ពុជាមិនមានករណីជំងឺ Covid-19 នេះកើតឡើងទេ រហូតមកដល់ពេលនេះ។ សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា «មានជនទុច្ចរិតខ្លះគ្រាន់តែគេដើរដួលសន្លប់ដោយសារប្រការផ្សេងៗ បែរជាយកមកបង្ហោះផ្សាយថាស្លាប់ដោយសារជំងឺកូរ៉ូណា ហើយនេះគឺជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងបំណងទុច្ចរិតបង្កចលាចលសង្គមដែលមិនខុសពីពួកភេរវករនោះឡើយ»។ សម្តេចហ៊ុន សែន មានជំនឿថាប្រជាជនកម្ពុជានឹងមិនតក់ស្លុតដែលរហូតដល់មិនអាចគ្រប់គ្រងខ្លួនឯងបានទេ ហើយការផ្សព្វផ្សាយបំផ្លើសណាមួយមិនបានជួយអ្វីឱ្យប្រសើរក្រៅពីបង្កការភ័យខ្លាចដល់ប្រជាជន និងក្រុមគ្រួសារតែប៉ុណ្ណោះ។ ក្នុងឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ត្រីក៏បានអំពាវនាវសារជាថ្មីចំពោះប្រជាពលរដ្ឋ គឺចាប់ផ្ដើមពីខ្លួនឯងម្នាក់ៗឈានទៅ ក្រុមគ្រួសារទាំងមូលត្រូវខិតខំថែរក្សាអនាម័យការពារ ខ្លួនប្រាណលាងសំអាតដៃឲ្យបានញឹកញាប់ មិនត្រូវភ័យតក់ស្លុតនោះឡើយ។សូមជម្រាបជូនថាក្រសួង​ព័ត៌មានបាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​គណនីយ​ហ្វេសប៊ុក​ចំនួន ​៧ ​ដែល​ក្រសួង​ចាត់​ទុកថា​ ​កំពុង​សកម្ម​ក្នុងការ​បំពុល​សង្គម​ពាក់ព័ន្ធ​នឹង​មេរោគ​កូរ៉ូណា​វីរុស ​ឬ​​កូ​វីដ​-1​9 ​ដែល​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាច​។ ​ក្រៅ​ពី​ម្ចាស់​គណនីយ​ហ្វេសប៊ុក​ទាំង​០៧​នេះ ​អ្នក​ចែក​រំលែក​ព័ត៌មាន​ក្លែង​ក្លាយ​ (Share) ​ក៏​អាច​ប្រឈម​មុខ​នឹង​ផ្លូ​វ​ច្បាប់​ផង​ដែរ​។នេះបើ​​តាម​លោក ​ផុស ​សុវណ្ណ​​អគ្គ​នា​យក​ដ្ឋាន​ព័ត៌មាននិង​សោត​ទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បានបញ្ជាក់ប្រាប់បណ្តាញពត៌មានកន្លងទៅថ្មីៗនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *